Khmer Dictionary: ល័ក្ខណ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ធ្វើធ្មេញលេញល័ក្ខក្ខណ៍
( ន.នាមសព្ទ )
ធ្វើធ្មេញបំពេញល័ក្ខណ៍ ។ ជាពាក្យបរិវារសព្ទនិយាយឲ្យពីរោះស្ដាប់ ។
-
លក្ខណ៍
( ន.នាមសព្ទ )
[ល័ក ]
លក្ខណៈ ។
- មនុស្សខាតលក្ខណ៍ មនុស្សមានលក្ខណៈអភ័ព្វឬមានឫកពាថោក ។
- ស្ត្រីគ្រប់លក្ខណ៍ ស្ត្រីដែលបរិបូណ៌ដោយលក្ខណៈល្អ ។ល។ (សរសេរជា ល័ក្ខណ៍ ឬ ល័ក្សណ៍ ក៏បាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លក្ស្មណៈ ឬ លក្ស្មណ៍ ផង) ។
-
វិញ្ញាសា
( ន.នាមសព្ទ )
[វិញ-ញា-សា ]
(វិញ្ញា “កិរិយាដឹងច្បាស់, ការយល់ជាក់លាក់” + អាសា “បំណង, ប្រាថ្នា”) បំណងដើម្បីដឹងឲ្យច្បាស់លាស់, ការពិសោធ, ការល្បងសាកមើលនូវរបស់អ្វីមួយ; ក្រដាសអក្សរផ្តិតពុម្ពដែលត្រូវពិនិត្យកែ :
- ពិនិត្យវិញ្ញាសា,
- កែវិញ្ញាសាពុម្ព; ការងារដែលបំពេញជាលាយល័ក្ខណ៍អក្សរ ឬផ្ទាល់មាត់ក្នុងការប្រឡង :
- វិញ្ញាសាសរសេរ,
- វិញ្ញាសាសួរផ្ទាល់មាត់; សន្លឹកក្រដាសផែនទី ឬរូបថតដែលផ្តិតចម្លងចេញពីគំរូដើម ។ (បារ. épreuve) ។
-
ល័ក្ខណ៍
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លក្ខណ៍ ឬ លក្សណ៍) ។
-
សុភ
( គុ.គុនសព្ទ )
[--ភៈ]
(ឝុក ឬជា សុក ក៏មានខ្លះ) ល្អ, ប្រពៃ; ស្អាត, ឥតមានហ្មង; សម, សមរម្យ; ដែលគួរស្រឡាញ់, គួរចាប់ចិត្ត; មានសិទ្ធិជោគ; មានសិរី, មានសួស្ដី; មានលាភ; មានសេចក្ដីសុខ; មានសេចក្ដីចម្រើន; ដែលឲ្យគុណ, ឲ្យសម្រេចប្រយោជន៍គ្រប់យ៉ាង ។ ន. លំអ; សេចក្ដីស្អាត; ការសមរម្យ; មង្គល, ជោគល្អ, សិទ្ធិជោគ; សិរី, សួស្ដី; លាភ; សេចក្ដីសុខ; សេចក្ដីចម្រើន; សេចក្ដីសប្បាយ; គុណ; ប្រយោជន៍ ។
- សុភកថា សម្ដីដែលនាំឲ្យមានសេចក្ដីចម្រើន; ពាក្យឲ្យពរ ។
- សុភកម្ម អំពើល្អ ។
- សុភករ ដែលធ្វើឲ្យមានសេចក្ដីចម្រើន; អ្នកធ្វើឲ្យកើតសេចក្ដីចម្រើន ។
- សុភកាល ឬ
- --សម័យ កាលឬសម័យល្អ, វេលាល្អ ។
- សុភង្គ ឬ - សុភាង្គ (--ភ័ង ឬ --ភាង; បា. ឬ សំ. < សុភ + អង្គ) រូបល្អ; មានរូបល្អ ។
- សុភទិន ថ្ងៃល្អ, ថ្ងៃជា ។
- សុភនិច្ឆ័យ (សុភៈនិច-ឆៃ) ឬ សុភនិស្ច័យ (--និស-ស្ចៃ) ការចាប់អារម្មណ៍ល្អ, ការរិះគិតល្អ, គំនិតត្រឹមត្រូវ : មានសុភនិច្ឆ័យ ។
- សុភនិមិត្ត និមិត្តល្អ; សេចក្ដីសម្គាល់ឬសង្កេតឃើញថាល្អ, ថាសមរម្យ ។
- សុភផល ផលល្អ ។
- សុភមង្គល មង្គលល្អ; គ្រោះល្អ ។
- សុភមស្តុ ! (សុភៈម័ស-ស្តុ; សំ. < សុភំ “សិទ្ធិជោគ; សួស្ដី”, ំ > ម + អស្តុ “ចូរមាន”) សួស្ដី ចូរមាន ! (សូមឲ្យមានសួស្ដី ! ឬសូមឲ្យមានសិទ្ធិជោគ !); ពាក្យផ្តើមក្នុងការប្រកាសសូមពរស្រីសួស្ដី ប្រើក្នុងពិធីបួងសួងជាដើម : សុភមស្តុ ! វរមង្គលជយាតិរេកឯកឧត្តមឫក្ស...; សុភមស្តុ ! ពុទ្ធសករាជព្រះសាសនាកន្លងទៅហើយបាន... ។
- សុភល័ក្ខណ៍ ឬ - --ល័ក្សណ៍ លក្ខណៈល្អ ។
- សុភអក្សរ អក្សរល្អ ។ ខ្មែរបុរាណប្រើជា “សំបុត្ររបស់ស្ដេចប្រទេសរាជប្រើចេញទៅប្រទេសដទៃ” ។
- សុភអក្សរ សាសន៍ សំបុត្រឥស្សរជនអ្នកគ្រងប្រទេសរាជដែលមានអំណាចដូចក្សត្រិយ៍គ្រងរាជ្យ ប្រើចេញទៅប្រទេសដទៃ ។
- សុភានុបស្សី (--បុ័ស-សី; បា. < សុភ + អនុបស្សី “អ្នកឃើញរឿយៗ”) អ្នកដែលសម្លឹងរំពឹងឃើញរូបកាយថាល្អ; បើស្ត្រីជា សុភានុប-ស្សិនី (ព. ផ្ទ. អសុភានុបស្សី, អសុភានុបស្សិនី) ។ល។
-
សុលក្ខណៈ
( ន.នាមសព្ទ )
[--ល័ក-ខៈណៈ]
(សុលក្ខណ; សុលក្សណ) លក្ខណៈល្អ ។ គុ. ដែលមានលក្ខណៈល្អ : មនុស្សសុលក្ខណ៍, ដំរីសុលក្សណ៍ (សរសេរជា សុល័ក្ខណ៍ ឬ សុល័ក្សណ៍ ក៏បាន; បើស្ត្រីឬញីជា សុលក្ខណា; ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើក្លាយជា សៅវលក្សណ៍ ក៏មាន) ។
-
សេសា
( គុ.គុនសព្ទ, ន.នាមសព្ទ )
(< សេស) ដែលសល់; សំណល់, (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : មនុស្សបរោ សេសោអបល័ក្ខណ៍ អាងវាយអាងធាក់ បំពាក់បំពាន ។
-
អនិមន្តន៍
( ន.នាមសព្ទ )
[អៈនិមន់]
(អនិមន្តន; អនិមន្រ្តណ) ការមិននិមន្ត, មិនអញ្ជើញ ឬការឥតនិមន្ត, ឥតអញ្ជើញ : ការទៅផ្ទះគេដោយអនិមន្តន៍ ជាដំណើរហិនលក្ខណ៍ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ដំណើរហិនល័ក្ខណ៍ ប្រាជ្ញលោកបញ្ជាក់ អស់អាថ៌សេចក្ដី ឲ្យអស់ជនផង យល់ការណ៍វែងខ្លី កន្លងវិថី ទៅជាសៅដៅ ។ ហិនលក្ខណ៍មានបី មួយឥតមានក្តី ហៅរកឲ្យទៅ ខ្លួនចូលទទ្រប ទៅកាន់លំនៅ នៃជនអ្នកក្រៅ តាមដោយទំនើង ។ ពីរឥតគេសួរ ខ្លួនស្ដីយកគួរ ពុំយល់ថាយើង និយាយច្រើនពេក ស្ទើរតែអស់ជើង គេយល់ថាយើង ផ្លោៗឥតបទ ។ បីឥតគេអួត ខ្លួនថ្លែងអំនួត អួតខ្លួនស្ទើរហត់ ទាល់តែគេធុញ គេទ្រាំខំអត់ អួតហួសកំណត់ ឲ្យគេអផ្សុក ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហីនល័ក្ខណ៍>ហីនល័ក្ខណ៍ ក្នុងពាក្យ ហីន ផង) ។
-
អប
( និ.និបាតសព្ទ )
[អៈប៉ៈ ]
និបាតសព្ទឬឧបសគ្គសព្ទជាបុព្វបទសម្រាប់រៀងភ្ជាប់ពីខាងដើមសព្ទដទៃ មានសេចក្ដីថា “ប្រាសចាក, ឃ្លាតចាក, ឃ្វាងចាក; ឆ្ងាយ, ទៅឆ្ងាយ; ត្រឡប់, ត្រឡប់ជា, បែរជា; ផុត, រួចផុត; មិន, ឥត”, ដូចជា អបករណ៍ ដំណើរប្រាសចាកអំពើ គឺការធ្វើមិនល្អ; ការឥតតម្លៃ; អំពើពុំប្រសើរ; ការធ្វើខុស, កំហុស ។
- អបការ ឬ - អបក្រិយា ទោស; កំហុស ; អបករណ៍ ។
- អបក្រម (--ក្រំ) ដំណើរថយចេញ; ការរត់គេចចេញ, ដំណើរវេះចេញឬគេចវេះ; ការលាឈប់ ។
- អបគត (--គត់) ដែលទៅឆ្ងាយហើយ; ដែលទៅបាត់ហើយ; ដែលកន្លងទៅហើយ; ដែលព្រាត់ប្រាសគ្នាហើយ; ដែលស្លាប់ហើយ; អ្នកដែល-- (បើស្ត្រីជា អបគតា អ. ថ. --គៈ--) ។
- អបគមន៍ (--គំ) សេចក្ដីព្រាត់ប្រាសគ្នា; ការបែកចេញពីគ្នា ។
- អបច័យ ការមិនសន្សំទុក, មិនសំច័យទុក; សេចក្ដីគោរព ។
- អបច្ឆាយ ដែលមិនមានស្រមោល; ដែលឥតម្លប់ (ឥត្ថី. ឬ ពហុ. ជា អបច្ឆាយា) ។
- អបច្ឆាយព្រឹក្ស (--យ៉ៈ--) ដើមឈើឥតម្លប់ ។
- អបទាន ដែលធ្វើរួចស្រេចហើយ; ការដែលសម្រេចហើយ ។
- អបទិស កន្លះទិស, ទីឬប៉ែកជាចន្លោះនៃទិស (ដូចយ៉ាងប៉ែកក្នុងរវាងនៃទិសបូព៌និងទិសអាគ្នេយ៍ជាដើម); ការធ្វើឲ្យឃ្លាតចេញ; ការបណ្តេញចេញ ។
- អបទេវតា បិសាច ។
- អបទេស គ្រឿងអាង, សំអាង; ហេតុ; ការបញ្ចៀសឬបញ្ចេរឲ្យចៀសវាងចេញឆ្ងាយ ឬក៏ឲ្យឃ្លាតចេញទៅ, ការបង្វែងឬពង្វាងមិនឲ្យត្រូវត្រង់ ។ ខ្មែរប្រើជា កិ. ក៏មាន (អ. ថ. អៈប្ទេស ឬ អប់-ប្ទេស) “បញ្ចៀស, បញ្ចេរឲ្យឃ្លាតចេញទៅ; បង្វែង; ពង្វាង” : អបទេសអុតមិនឲ្យឆ្លង ។
- អបទ្រព្យ (--ទ្រាប់) ដែលវិនាសទ្រព្យឬដែលឥតទ្រព្យ; ទ្រព្យមិនល្អ; របស់ក្លែង (ដូចយ៉ាងប្រាក់ក្លែងជាដើម) ។
- អបធន (--ធន់) អបទ្រព្យ; អ្នកទ័លក្រ, អ្នកកម្សត់, ទុគ៌ត ។
- អបភាគ ឬ --ភាគ្យ ដែលឥតជោគ, ឥតបុណ្យ, ឥតសិរី : មនុស្សអបភាគ ។ គ្រោះកាច : ប្រទះលើអបភាគ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភាគ ឬ ភាគ្យ ផង) ។
- អបភាស តិះដៀល; ពាក្យតិះដៀល ។
- អបភោគ ដែលឥតភោគ, ដែលខ្សត់ទ្រព្យ ។
- អបមង្គល (--មង់-គល់) ដែលប្រាសចាកឬឃ្វាងចាកមង្គល គឺដែលឥតមង្គល, ឥតសេចក្ដីចម្រើន; ដែលមិនសមដល់ភ្នែកអ្នកផង; ដែលត្រូវចង្រៃរួបរឹត : មនុស្សអបមង្គល ។ សេចក្ដីមិនចម្រើន; ហេតុដែលនាំឲ្យវិនាស : ប្រទះលើអបមង្គល ។ វេវ. អពមង្គល (ពាក្យទាំងពីរនេះប្រើជួសគ្នា បាន ។ ព. ផ្ទ. មង្គល ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អពមង្គល ទៀតផង) ។
- អបមាន ដែលឥតគេរាប់, អបយស; មនុស្សឥតគេរាប់ ។
- អបយស (--យស់ ឬ ត. ទ. --យ័ស) ដែលប្រាសចាកយសគឺដែលខូចឈ្មោះ, ដែលឥតគេរាប់, ដែលអាប់មុខ : មនុស្សអបយស (សរសេរជា អបយ័ស ក៏មាន : មនុស្សអបយ័ស; សម្ដីអបយ័ស សំដៅសេចក្ដីថា “មនុស្សឫកទាប, ឫកថោក; សម្ដីដែលគួរឲ្យគេនឹកអៀនខ្មាសជួស”) ។
- អបលក្ខណ៍ ឬ --លក្សណ៍ (អៈប៉ៈលុ័ក ឬ អប់-ប៉ៈលុ័ក) ដែលប្រាសចាកលក្ខណៈល្អ គឺដែលឥតលក្ខណ៍, ហិនលក្ខណ៍, ខាតលក្ខណ៍; ឥតបុណ្យ, សំណាងអាក្រក់; ឥតតម្លៃ, ថោកទាប : មនុស្សអបលក្ខណ៍; របស់អបលក្ខណ៍ (ដើម្បីឲ្យងាយអាន, សរសេរជា អបល័ក្ខណ៍ ឬ --ល័ក្សណ៍ ក៏បាន) ។
- អបសក្តិ ឬ --ស័ក្តិ ដែលឥតស័ក្តិ (ឥតអំណាច) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អប្បសក្ដិ ក្នុងពាក្យ អប្ប ផង ។ល។
-
ហៀវ
( ន.នាមសព្ទ )
ចង្កូមសេះឈ្មោល : សេះដុះហៀរ (ដុះក្នុងកាលដែលពេញទំហំ) ។ ព. ទ. បុ. សេះញីដុះហៀវមាន់ញីរងាវ ស្រីច្រៀងខាតល័ក្ខណ៍ (សេចក្តីងាយមិនបាច់អធិប្បាយ; ប៉ុន្តែក្នុងសម័យនេះ សកលលោករាប់អានស្រីចេះច្រៀងពីរោះថា “មានតម្លៃ” មិនបង្អាប់ថា “ខាតល័ក្ខណ៍” ដូច ព. ទ. បុ. នេះទេ) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!