Khmer Dictionary: យ
Chuon Nath's Khmer-Khmer Dictionary
-
យោធិន
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(យោធិន៑) អ្នកច្បាំង, ទាហាន ។
-
យោន
( ន.នាមសព្ទ )
or យោនក
( បា.បាលី ( បាលីភាសា ) )
ជាតិមនុស្សអ្នកយោនប្រទេស, ជាតិព្រះបាទមិលិន្ទ ដែលមានតំណាលក្នុងគម្ពីរមិលិន្ទប្បញ្ហាខាងព្រះពុទ្ធសាសនា (មនុស្ស ជាតិ ក្រិក) ។ ខ្មែរបុរាណហៅពួកលាវប៉ែកខាងលិចថា យោន ឬ យោនក ដែរ ។
- យោនប្រទេស ឬ - យោនកប្រទេស (យោនៈ--ឬ យោនៈកៈ--) ប្រទេសក្រិក; ប្រទេសលាវប៉ែកខាងលិចក៏ថា ។
-
យោនយកកំណើត
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(យោន អ. ថ. យ៉ូន "បោះ, ពួយ...") អន្ទោលចាប់កំណើត, ចាប់ជាតិ : កាលព្រះអង្គយោនយកកំណើតកើតជាព្រះមហាជនក...។
-
យោនយាន
( គុ.គុនសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(យោន អ. ថ. យ៉ូន "បោះ, ពួយ..." + យាន អ. ថ. យ៉ាន "សំយុងចុះ, យារចុះ") ដែលព្យួររយាន, ដែលរណែងរណោងតែរៀបរយដោយលំដាប់គ្នាមិនទាស់ភ្នែក : ផ្លែស្វាយយោនយាន, ផ្កាឈើយោនយាន (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ព្រឹក្សាផ្លែផ្កាយោនយាន លូកឈោងបេះបាន ក្សេមក្សាន្តចិន្តា ។ មានហ្វូងបក្សីបក្សា ហិចហើរេរា ពាសពេញដងព្រៃ ។ ពាក្យរាយច្រើននិយាយថា រយោនរយាន ។
-
យោនិសោមនសិការ
( ន.នាមសព្ទ )
[--មៈនៈសិការ៉ៈ ឬ--មៈនៈសិកា]
( បា.បាលី ( បាលីភាសា ) )
(< យោនិសោ “ដោយឧបាយ, ដោយត្រូវទំនង” + មនសិការ “ដំណើរធ្វើទុកក្នុងចិត្ត”) ការពិចារណាដោយឧបាយ, ដោយគំនិតទៀងទាត់; ដំណើរយកចិត្តទុកដាក់; សេចក្ដីគិតត្រូវទំនង : មនុស្សខ្វះយោនិសោមនសិការ ធ្វើការអ្វីៗរមែងពុំបានសម្រេចដោយ ប្រពៃទេ ។
-
យោនី
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(យោនិ “កំណើត”; អវយវៈកំបាំងរបស់ស្រ្តី; ប្រីជា; ហេតុ ;...) អង្គជាតរបស់ស្រ្តី ឬសត្វញី; កំណើតសត្វ ។
-
យោបល់
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(យុបល អ. ថ. យុបុន "ដំណើរសេចក្ដី, សង្កាត់សេចក្ដី; រឿងរ៉ាវ") សេចក្ដីយល់ឃើញ, ដំណើរគិតយល់, គំនិតឆ្លុះយល់ : មានយោបល់ខុសគ្នា, ធ្វើការដោយយោបល់ ។ រ. ស. ប្រើជា កិ. ក៏បាន : ទ្រង់ព្រះយោបល់ ... ទ្រង់យល់ឃើញ ... ។
-
យោបំ
( ន.នាមសព្ទ )
សូររំពងសំឡេងយំខ្លាំង, ទំនួញ, សូរទំនួញឮកងរំពង : ចម្ងាយមួយយោបំគោឧសភ ចម្ងាយត្រឹមទីបំផុតនៃរំពងសំឡេងគោឈ្មោល មួយយំ ។ ឮតែសូរយោបំទ្រហឹងអឺងអាប់ ឮតែសូរទំនួញទ្រហឹងអឺងអាប់ ។
-
យោព្វនៈ
( ន.នាមសព្ទ )
[យោប-ពៈនៈ]
or យៅវ័ន, យៅវ័ន្យ (យៅវាន់)
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(យោព្វន ឬ យោព្វញ្ញ; យៅវន, យៅវន្យ ឬ យុវន) វ័យក្មេង, វ័យកំលោះក្រមុំ ។
- យោព្វនម័ទ ឬ - យៅវនម័ទ (យោប-ពៈនៈមុ័ត ឬ យៅវៈនៈ--) សេចក្ដីស្រវឹងក្នុងចិត្តរបស់កំលោះ ឬក្រមុំ គឺសេចក្ដីភ្លើនចិត្តដោយអាងថាខ្លួនអញនៅកំលោះឬនៅក្រមុំ (មិនយល់ថាខ្លួននឹងមានសេចក្ដីប្រែប្រួល); សេចក្ដីស្រវឹងដោយយល់ថាខ្លួនអញមិនទាន់ចាស់នៅឡើយទេ (សម្រាប់អ្នកដែលមានវ័យចាស់ហើយ កំបាំងគំនិតមិនឃើញជរាធម៌ គឺមិនយល់ថាខ្លួនចាស់ហើយ) ។
-
យោមរាជ
( ន.នាមសព្ទ )
[--មៈរាច]
( បា. ក្ល.បាលីក្លាយ )
ឋានន្តរ គឺងារសម្រាប់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ : លោកអ្នកឧកញ៉ាយោមរាជ (ហៅក្លាយមកពីពាក្យ យមរាជ; ក្លាយមកទៀតជា ជមរាជ (ជំរាច) ក៏មាន, រកកល់ទៅជា ប្រាក្រឹត របស់ខ្មែរ) ។
<< Prev 1 ... 15 16 17 18 19 20 Next >>