Khmer Dictionary: សរ
Chuon Nath's Khmer-Khmer Dictionary
-
សរភញ្ញ
( ន.នាមសព្ទ )
[សៈរ៉ៈភ័ញ]
or សរភាណ (សៈរ៉ៈភាន)
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្វរភាណ) ដំណើរសូត្រតាមលំនាំឬទំនងសំឡេង (ការសូត្របទ) គឺសូត្ររលាក់រលែកសំឡេងតាមរយៈឃ្លាសង្កាត់របស់គាថាឬពាក្យរាយ ប៉ុន្តែសូត្រប្រយ័ត្នមិនឲ្យភ្លាត់អក្ខរប្បភេទទាំង ១០ យ៉ាង (ហៅចំពោះតែការសូត្រភាសាបាលី និងសំស្រ្កឹត) : លុះធម្មកថិកសម្ដែងធម៌ចប់ហើយ, សាមណេរតូចៗបួនរូបសូត្រសរភញ្ញតទៅទៀត ។
-
សរសន់
( គុ.គុនសព្ទ )
[ស-សន់]
រហើររហាយ, ដែលមានមារយាទមិនគត់មត់ (ច្រើននិយាយចំពោះតែស្ត្រីឬចិត្តរបស់ស្ត្រី, ខាងបុរសមិនសូវប្រើ) : ស្រីសរសន់; ចិត្តសរសន់ ។
-
សរសើរ
( កិ.កិរិយាសព្ទ )
[ស៏-សើ]
និយាយលើក, លើកតម្កើង, និយាយស្ងើច, ពោលពណ៌នាគុណ : សរសើរមារយាទ, សរសើរចំណេះ, សរសើរគុណ ។
- សរសើរព្រះបាទ ឈ្មោះកាព្យបុរាណមួយរឿងខាងព្រះពុទ្ធសាសនា កើតមានក្នុងរជ្ជកាលនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី... មានដើមថា ឧកាស, បាទយុគលំ នមាមិហំ ខ្ញុំអរឱនអង្គ ក្រួញក្រាបអភិវាទ ព្រះបាទពុទ្ធពង្សទាំងគូរត្នរុង- រឿងឫទ្ធិរង្សី ។ល។
-
សរសេរ
( កិ.កិរិយាសព្ទ )
[ស៏-សេ]
គូស, វាស ឲ្យដិតជាតួអក្សរឬលេខ ឬឲ្យដិតអក្សរកើតបានជាសេចក្ដី : សរសេរអក្សរ, សរសេរសំបុត្រ, ស្មេរសរសេរសំបុត្រ ។
-
សរសៃ
( ន.នាមសព្ទ )
[ស៏-សៃ]
អាការៈឬអវយវៈក្នុងខ្លួនមនុស្សសត្វ មានសណ្ឋានជាវល្លិធំតូចវែងខ្លីប្រទាក់គ្នាជាគ្រឿងចងតសរីរកាយខ្លះ ជាផ្លូវឈាមនិងខ្យល់ខ្លះ ។ល។ : សរសៃពួរ, សរសៃរយាង, សរសៃឈាម; រ. ស. ហៅ ព្រះនហារូ... ។ ខ្សែល្អិតឆ្មារ : សរសៃសក់, សរសៃសូត្រ, សរសៃអំបោះ, សរសៃពីងពាង, សរសៃឈូក ។ល។
-
សរស្វ័ត
( ន.នាមសព្ទ )
[សៈរ័ស-ស្វាត់ ]
or សរស្វតី
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សរស្វត៑ ឬ សរស្វតី; សរស្សតី) ឈ្មោះនទីមួយក្នុងប្រទេសឥណ្ឌា (ហៅក្នុងសម័យពីដើម) ជាទីគោរពរាប់អានរបស់ពួកហិណ្ឌូព្រាហ្មណិក ។ នាមនាងទេវីជាជាយានៃព្រះព្រហ្ម (តាមលទ្ធិព្រាហ្មណ៍) ។ ស្ត្រីប្រសើរ, នាងឆើតឆាយ;... ។ ក្នុងសម័យពីដើម, កាលដែលខ្មែរកាន់សាសនាព្រាហ្មណ៍ពេញទី, ខ្មែរហៅ សរស្វតី ចំពោះត្រង់ជាយាព្រះព្រហ្មថា ព្រះនាងសរស្វតី ឬ សរស្វតីទេវី (ពួកព្រាហ្មណិកជឿថាសរស្វតីទេវីជាអ្នកបង្កើតវិជ្ជានិងភាសា) ។
-
សរិល
( ន.នាមសព្ទ )
[សៈរ៉ិល ]
( បា. សំ. ក្ល.បាលីនិងសំស្រ្កឹតក្លាយ )
(< សរីរ; ឝរីរ; ខ្មែរប្រើ រ > ល) អត្តភាព, រាងកាយ, ខ្លួនប្រាណ :
- សព្វសរិល សព្វសព៌ាង្គកាយ (ប្រើក្លាយមកទៀតថា សុរិល) ។
-
សរីរ --
or សរីរា--
(ម. ក្នុង ព. សរីរៈ) ។
-
សរីរិន
( ន.នាមសព្ទ )
[សៈរ៉ិរ៉ិន ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឝរីរិន៑; សរីរី) អ្នកមានសរីរៈ គឺមនុស្ស, សត្វ, សត្វលោក (ស្ត្រីជា សរីរិនី) ។
-
សរីរៈ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សរីរ; ឝរីរ) អត្តភាព, រូប, រាងកាយ, ខ្លួនប្រាណ; សាកសព; រាងឆ្អឹង : ថែទាំសរីរៈ; រម្លាយសរីរៈ ។ បើរៀងពីខាងដើមសព្ទដទៃសរសេរជា សរីរ អ. ថ. សៈរ៉ីរ៉ៈ, ដូចជា សរីរកាយ រាងកាយទាំងមូល, គ្រោងរូប ។
- សរីរកិច្ច ការរវល់ដោយរាងកាយ (មានបន្ទោឧច្ចារៈបស្សាវៈជាដើម); ការរម្លាយសព្វឬបញ្ចុះសព :
- ធ្វើសរីរកិច្ច ។
- សរីរជៈ ឬ --ជាត ដែលកើតចេញអំពីសរីរៈ ។
- សរីរធាតុ ធាតុដែលប្រជុំនៅក្នុងខ្លួន គឺ ដី, ទឹក, ភ្លើង, ខ្យល់, អាកាស ។ សំណល់អដ្ឋិដែលរម្លាយរួចហើយ (ហៅចំពោះតែអដ្ឋិលោកអ្នកមានបុណ្យឬព្រះអរហន្ត) : សរីរធាតុស្ដេចចក្រពត្តិ, សរីរធាតុព្រះបច្ចេកពុទ្ធ ។
- សរីរនិក្ខេប ការបោះបង់សរីរៈ; ការបញ្ចុះសព : ធ្វើសរីរនិក្ខេប ។
- សរីរបរិហារ ការថែរក្សាខ្លួន ។
- សរីរប្បដិជគ្គនៈ (សៈរី-រុ័ប-ប៉ៈដិ-ជ័ក-គៈនៈ) ការជម្រះឬសម្អាតសរីរៈ ។
- សរីរប្បដិព័ទ្ធ ឬ --ប្រតិព័ទ្ធ (សៈ រ៉ីរុ័ប-ប៉ៈដិព័ត ឬ ប្រៈតិ--) ដែលជាប់ទាក់ទងដោយសរីរកាយ : ស្រមោលជាសរីរប្បដិព័ទ្ធ ។ ដែលជាប់នៅនាសរីរៈ (ដូចយ៉ាងសំពត់អាវដែលស្លៀកពាក់ជាប់នឹងខ្លួន, អម្រែកនៅលើស្មាជាដើម) ។
- សរីរប្បទេស ឬ--ប្រទេស សរីរកាយ, --សព៌ាង្គកាយ ។
- សរីរប្បភា ឬ--ប្រភា រស្មីឬពន្លឺដែលភ្លឺចេញអំពីសរីរកាយ : សរីរប្បភានៃទេវតា ។
- សរីរព័ណ៌ ឬ --វណ្ណ សម្បុរសរីរៈ ។
- សរីរព្យាបាល ឬ --រក្សា ការរក្សាសរីរៈ (សរីរបរិហារ) ។
- សរីរភេទ ការបែកធ្លាយសរីរៈ, ដំណើររំលាងខន្ធ, មរណភាព : ដល់នូវសរីរភេទ (ស្លាប់) ។
- សរីរយន្ត ឬ --យន្រ្ត (--យន់) យន្តគឺសរីរៈ, សរីរកាយដែលទុកដូចជាគ្រឿងយន្ត ។
- សរីរយាត្រា ការចិញ្ចឹមជិវីត, ការរស់នៅ ។
- សរីររូបធាតុ (សៈរ៉ីរៈរូប៉ៈធាត) រូបធាតុក្នុងសរីរៈ គឺធាតុដែលមានរូបផ្សេងៗក្នុងសរីរកាយ (បារ. Matière organique) ។
- សរីរវិជ្ជា, --វិទ្យា, ឬ --សាស្រ្ត វិជ្ជាឬក្បួនសម្រាប់រៀនសង្កេតចំណាំអាការៈក្នុងខ្លួន ឲ្យដឹងដោយការវះកាត់ជាដើម (សម្រាប់ទេព្យ) ។
- សរីរវិមោក្ខ ឬ--វិមោក្សណ៍ ការរួចផុតចាកសរីរៈ (មរណភាព) ។ ព. ពុ. ការរលត់ខន្ធចូលកាន់និញ្វន ។
- សរីរសណ្ឋាន ទ្រង់ទ្រាយសរីរៈ, បែបភាពឬរាងរៅរបស់រូបកាយ ។
- សរីរសន្ធិ តំណសរីរៈ, សន្លាក់ឆ្អឹង ។
- សរីរសោសន (--សៈន៉ៈ ឬ--សន់) ការបង្អត់ខ្លួនឲ្យស្គាំងស្គម ។
- សរីរសំស្ការ ការរម្លាយរូប, ឈាបនកិច្ច ។
- សរីរាការ (សៈរ៉ីរ៉ាកា; បា. < សរីរ + អាការ) អាការៈក្នុងខ្លួន (មានសក់, រោមជាដើម) ។
- សរីរាវយវៈ (សៈរ៉ីរ៉ាវ៉ៈយៈវៈ; បា. < សរីរ + អវយវ) ប៉ែកឬចំណែកនៃសរីរៈ (មានដៃ, ជើង ជាដើម) ។ល។