Khmer Dictionary: ក
Chuon Nath's Khmer-Khmer Dictionary
-
កង្កួញ
( កិ.កិរិយាសព្ទ )
ក្ដាប់ដៃ, ក្ដាប់ប្រមោយ ដោយបួងដៃ ឬប្រមោយឡើង ។
-
កង្កែប
( ន.នាមសព្ទ )
ឈ្មោះសត្វទឹកមួយប្រភេទ មានជើង ៤ ចេះហែលទឹក, មុជទឹក, លោតលើគោកក៏បាន ច្រើននៅអាស្រ័យនឹងទីក្បែរមាត់ទឹក ឬនឹងរន្ធដីក៏នៅបាន ។
- កង្កែបបោប សាច់កង្កែបដែលគេធ្វើជាម្ហូបហៅថា បោប ។
-
កង្កែបកូប
( ន.នាមសព្ទ )
កង្កែបដែលមានរូបធំ យំឮសូរកូបៗ ។
-
កង្កែបប្រុយ
( ន.នាមសព្ទ )
ឈ្មោះកង្កែបមួយប្រភេទ មាឌតូចដងខ្លួនវែង ជើងវែងៗ, អ្នកស្រុកខ្លះហៅ
- កូនស្ងើន ។
-
កង្កែបអាចម៍គោ
( ន.នាមសព្ទ )
[-អាច់- ]
ឈ្មោះកង្កែបមួយប្រភេទ មាឌតូចប៉ុនគ្នានឹងកង្កែបប្រុយដែរ ប៉ុន្តែដងខ្លួនខ្លី ជើងក៏ខ្លីៗ ដែរ សម្បុរស្ទើរលឿង នៅតែក្នុងកំពាយអាចម៍គោលើគោក : កង្កែបអាចម៍គោហ៊ានលោតខាំពស់វែក មានន័យថា រាស្រ្តតូចតាចហ៊ានប្រណាំងប្រជែងជាមួយនឹងមន្រ្តីមានស័ក្ដិធំ (ព. ទ. បុ.) ។
-
កង្ខា
( ន.នាមសព្ទ )
[ក័ង-ខា ]
( បា.បាលី ( បាលីភាសា ) )
សេចក្ដីសង្ស័យ, សេចក្ដីសន្ទិះ ។
-
កង្ខើញ
( កិ.កិរិយាសព្ទ )
លើកទាញ ឬ លាត់សម្លៀកឲ្យខើចឡើង : កង្ខើញសំពត់, កង្ខើញខោ ។ ក្ដាប់ពង្រួញដៃប្រុងនឹងចូលដាល់ ឬ តទប់នឹងសត្រូវ : កង្ខើញដៃចូលដាល់, កងទ័ពកាន់តែកង្ខើញចូលជិតណាស់ហើយ ។
-
កង្វល់
( ន.នាមសព្ទ )
សេចក្ដីខ្វល់ចិត្ត ខ្វល់គំនិត : ខ្ញុំមានកង្វល់ (កុំប្រើថាខ្ញុំមានសេចក្ដីកង្វល់) ។
- ស្រុកកើតកង្វល់ គឺស្រុកដែលមានកើតសឹកសង្គ្រាម ឬ មានកើតបះបោរចលាចលអ្វី; មានកង្វល់ មានក្ដីខ្វល់ ។
-
កង្វាក់
( គុ.គុនសព្ទ, ន.នាមសព្ទ )
ដែលខ្វាក់; មនុស្សឬសត្វដែលខ្វាក់ : គោកង្វាក់; ខ្មោចអាកង្វាក់ ! (ព.ទ្រ.) ។
-
កង្វារ
( ន.នាមសព្ទ )
ប្រដាប់សម្រាប់ខ្វារ : កង្វារត្រចៀក, កង្វារក្ដាម, កង្វារកង្កែប ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>