Khmer Dictionary: ច
Chuon Nath's Khmer-Khmer Dictionary
-
ចតុរ័ង្ស
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ចៈ តុ រ៉័ង]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ចតុរំស) ដែលមានជ្រុង ៤; បួនជ្រុង, ក្រឡា ៤ ជ្រុងស្មើភាគ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចត្វ័ង្ស, ចតុរស្ស ទៀតផង) ។
-
ចតុលោកបាល
( ន.នាមសព្ទ )
[ចៈតុលោកៈបាល ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ចតុរ៑ + លោកបាល ចតុល្លោកបាល; ចតុ + លោកបាល > ចតុល្លោកបាល) ស្ដេចទេវតា ៤ អង្គ ជា ធំក្នុងចាតុម្មហារាជិកាសួគ៌ ជាអ្នករក្សាលោក គឺព្រះបាទ ធតរដ្ឋ រក្សាទិសខាងកើត, ព្រះបាទ វិរុឡ្ហកៈ រក្សាទិសខាងត្បូង, ព្រះបាទ វិរូបក្ខៈ រក្សាទិសខាងលិច, ព្រះបាទ កុវេរៈ (វេស្សវណ) រក្សាទិសខាងជើង ។ សរសេរតាម សំ. បា. ក៏បាន, ប៉ុន្តែផ្ទុយពីទម្លាប់ប្រើរៀងមក ។
-
ចតុស្ដម្ភ
( ន.នាមសព្ទ )
[ចៈតុស្ដំ ឬ ចៈ ដុ ស្ដំ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ចតុត្ថម្ភ) សសរ ៤; ដែលមានសសរ ៤ ។ សេនាបតីទាំងបួនជាគម្រប់ ៥ នឹងសេនាបតីមួយទៀតជាអធិបតីជាអ្នកសម្រេចកិច្ចរាជការផែនដីក្នុងកម្ពុជរដ្ឋ ពីក្នុងសម័យបុរាណ ។
-
ចត់
( គុ.គុនសព្ទ )
ដែលមានរសជាតិប្រហាតស្ទើរភ្លាវស្ទើរល្វីងស្អិតជាប់អណ្ដាត។
-
ចត្រង្គ
( ន.នាមសព្ទ )
[ច័ត-ត្រង់ ]
(ក្លាយមកពី សំ. បា. ថា ចតុរង្គ “មានអង្គបួន”) ឈ្មោះល្បែងមួយយ៉ាង មានកូន ៣២ សម្រាប់លេងដើរលើក្ដារបួនជ្រុងមានក្រឡា ៦៤; បណ្ដាកូនទាំង ៣២ នោះមានកូន ២ ហៅថា ខុន ទុកជាស្ដេចទ្រង់រាជ្យ, មានកូន ២ ហៅថា នាង ទុកជាព្រះអគ្គមហេសី, មានកូន ៤ ហៅថា គោល ទុកជាសេនាបតី ឬ មេទ័ព, មានកូន ៤ ហៅថា សេះ, មានកូន ៤ ហៅថា ទូក, មានកូន ១៦ ហៅថា ត្រី ទុកជាសេនាទាហានរេហ៍ពលរៀបជារបៀបសេនាកងទ័ពមានអង្គ ៤ ជាល្បែងសម្រាប់លេងឲ្យឈ្លាសវៃក្នុងកលឧបាយរបស់អ្នកចម្បាំងក្នុងសម័យបុរាណ : ក្ដារចត្រង្គ, កូនចត្រង្គ, ក្រឡាចត្រង្គ, លេងចត្រង្គ, អុកចត្រង្គ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរង្គ ផង) ។
-
ចត្វា
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
[ច័ត-ត្វា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ចតុរ៑; ចតុ) បួន (៤) : មន្រ្តីសម្រាប់ចត្វា មន្រ្តីថ្នាក់ទី ៤ ។
-
ចត្វ័ង្ស
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ច័ត-ត្វ័ង ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ចតុរំស) ដែលមានជ្រុងបួន; បួនជ្រុង, ក្រឡា ៤ ជ្រុងស្មើភាគ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រិយង្ស និង ចតុរ័ង្ស ទៀតផង) ។
-
ចន្ទ
( ន.នាមសព្ទ )
[ច័ន ]
( បា.បាលី ( បាលីភាសា ) )
សភាវៈសម្រាប់បំភ្លឺ ជាចម្បងជាងពន្លឺទាំងអស់ ដែលភ្លឺក្នុងវេលាយប់ : ព្រះចន្ទពេញវង់ ហៅតាមពាក្យធម្មតាថា លោកខែ, ខែរះ, ខែលិច, ខែភ្លឺ ។
-
ចន្ទគតិ
( ន.នាមសព្ទ )
[ច័ន ទៈ គៈតិ ]
( បា.បាលី ( បាលីភាសា ) )
ដំណើរព្រះចន្ទ : លើកខែតាមចន្ទគតិ, កំណត់ថ្ងៃខែតាមចន្ទគតិ ។
-
ចន្ទគតិកាល
( ន.នាមសព្ទ )
[ច័ន-ទៈ គៈ តិកាល ]
( បា.បាលី ( បាលីភាសា ) )
កាលរដូវដែលកំណត់តាមដំណើរព្រះចន្ទក្នុងឆ្នាំមួយៗ ចែកជារដូវមាន ៣ គឺ ហេមន្តៈ រដូវរងា មាន ៤ ខែ រាប់តាំងពីថ្ងៃ ១ រោច ខែកត្ដិក ទៅដល់ថ្ងៃពេញបូណ៌មីខែផល្គុន; គិម្ហៈ រដូវក្ដៅមាន ៤ ខែ រាប់ពីថ្ងៃ ១ រោចខែផល្គុន ទៅដល់ថ្ងៃពេញបូណ៌មីខែអាសាឍ; វស្សានៈ រដូវភ្លៀងមាន ៤ ខែ រាប់ពីថ្ងៃ ១ រោចខែអាសាឍ ទៅដល់ថ្ងៃពេញបូណ៌មីខែកត្ដិក; រួមទាំងបីរដូវ ជា ១២ ខែ ត្រូវជា ១ ឆ្នាំ, តែបើឆ្នាំ ដែលមានអធិកមាសលើក ខែអាសាឍ ២ ដង នោះ ត្រង់គិម្ហរដូវមាន ៥ ខែ គឺរាប់ពីត្រឹមថ្ងៃ ១ រោចខែផល្គុន ទៅដល់ថ្ងៃពេញបូណ៌មីខែទុតិយាសាឍ, ឆ្នាំនោះមាន ១៣ ខែ, ហៅថា ឆ្នាំមានអធិកមាស ។ បើឆ្នាំមានអធិកវារៈ ត្រង់ខែជេស្ឋត្រូវមាន ៣០ ថ្ងៃ ខុសពីធម្មតា ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>