Khmer Dictionary: អភិ
Chuon Nath's Khmer-Khmer Dictionary
-
អភិបាល
( ន.នាមសព្ទ )
[អៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អ្នកគ្រប់គ្រង; អ្នកបីបាច់រក្សា, អ្នកថែរក្សា ។ ការគ្រប់គ្រង; ការបីបាច់, ការថែរក្សា ។
- អភិបាលខេត្ត ឬ
- --ខែត្រ មន្រ្តីរក្សាខែត្រ គឺមន្រ្តីអ្នកត្រួតត្រាការរាជការក្នុងខែត្រទាំងមូល (ចៅហ្វាយខែត្រ) ។
- អភិបាលខែត្ររង មន្រ្តីមានឋានៈរងពីអភិបាលខែត្រមក ។
- អភិបាលស្រុក មន្រ្តីរក្សាស្រុកក្នុងខែត្រ (ចៅហ្វាយស្រុក) ។
- អភិបាលស្រុករង មន្រ្តីមានឋានៈរងពីអភិបាលស្រុកមក ។ ប្រើជា កិ. ផងក៏បាន “គ្រប់គ្រង; បីបាច់, ថែរក្សា” : មាតាបិតាអភិបាលបុត្រ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈភិប៉ាល៉ៈ, ដូចជា អភិបាលជន ជនអ្នកអភិបាល ។
- អភិបាលជេដ្ឋ អ្នកដែលជាធំក្នុងអភិបាល ។
- អភិបាលភាព ភាវៈនៃអភិបាល ។ល។ ប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃក៏បាន អ. ថ. --បាល, ដូចជា ក្សេត្រាភិបាល ឬ ខេត្តាភិបាល អ្នករក្សាខេត្ត; អ្នកចាំស្រែ ។
- គ្រឹហាភិបាល (គ្រឹះ-ហ៊ា--) អភិបាលផ្ទះ; អ្នកចាំផ្ទះ ។
- ទេសាភិបាល អ្នកគ្រប់គ្រងប្រទេស; អធិបតីខែត្រ ។
- ទ្វារាភិបាល ឆ្មាំទ្វារ ។
- រោគាភិបាល អភិបាលរោគ; អ្នករក្សាជំងឺ ។
- សុខាភិបាល អភិបាលឲ្យបានសេចក្ដីសុខ (មិនឲ្យមានជំងឺ) : ក្រុមសុខាភិបាល ក្រុមពេទ្យអ្នកថែរក្សាការពារមិនឲ្យសាធារណជនមានជំងឺ... ។
- ក្រសួងសាធារណសុខាភិបាល (--រៈណៈ--) ឈ្មោះក្រសួងពេទ្យក្នុងប្រទេសកម្ពុជា ។ល។
-
អភិបាល--
(មើលក្នុងពាក្យ អភិបាល) ។
-
អភិប្រណិប័ត
( កិ.កិរិយាសព្ទ )
ម. ក្នុង ព. អភិប្រណិប័តន៍ ។
-
អភិប្រណិប័តន៍
( ន.នាមសព្ទ )
[អៈ--]
or អភិប្រណិបាត
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អភិ + ប្រណិបតន ឬ ប្រណិបាត) ការសម្តែងសេចក្ដីគោរពយ៉ាងក្រៃលែង, ការគំនាប់ដោយគោរព : នៅវេលានោះ ព្រះករុណាជាម្ចាស់ជីវិត ទ្រង់ព្រះរាជទានឱកាសឲ្យអស់ប្រជាពលរដ្ឋ ចូលមកធ្វើអភិប្រណិប័តន៍ចំពោះព្រះអង្គ ។ ប្រើជា កិ. ក៏បាន សរសេរជា អភិប្រណិប័ត ដូច ប្រណិប័ត កិ. ដែរ ។
-
អភិប្រាយ
( ន.នាមសព្ទ )
[អៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អភិប្បាយ, អធិប្បាយ) សេចក្ដីប្រាថ្នា, បំណង; សេចក្ដីត្រូវការ; សេចក្ដីរាយការណ៍; អធិប្បាយ ។ ខ្មែរប្រើជា កិ. ផងក៏បាន, សំដៅសេចក្ដីថា “និយាយរៀបរាប់, និយាយថ្លែងការណ៍, រាយការណ៍; អធិប្បាយ” : អភិប្រាយកម្ចាយសេចក្ដីឲ្យភ្លឺច្បាស់ ។ ប្រើជា គុ. ក៏បាន “ដែលអធិប្បាយ” : ពាក្យអភិប្រាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អភិនេស្រ្កម៍>អភិនេស្រ្កម៍ ផង)។
-
អភិមង្គល
( ន.នាមសព្ទ )
[អៈភិមង់--គល់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
មង្គលដ៏ឧត្ដម, ហេតុដែលនាំឲ្យមានសេចក្ដីចម្រើនក្រៃលែង, អភិវុឌ្ឍករណ៍ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា អភិមង្គល៍ (អៈភិមង់) ក៏បាន : ព្រះពុទ្ធស្តេចទ្រង់ ប្រទានអភិមង្គល៍ ដោយព្រះឱវាទ ឲ្យសត្វលោក តាំងចិត្តឲ្យស្អាត កុំឲ្យគ្រោតគ្រាត ច្របូកច្របល់ ។ ប្រព្រឹត្តប្រតិបត្តិ កម្ចាយកម្ចាត់ ធម៌ជាអកុសល ជម្រះសន្តាន ឲ្យបានលុះដល់ អរិយមគ្គផល ដល់និញ្វនហោង ។ ឬមួយបែបទៀតថា : អ្នកកាន់សីលគង់ កបដោយអភិមង្គល៍ សព្វទិនរាត្រី ប្រាសចាកឧបទ្រប កបដោយសិរី ចម្រើនសួស្ដី ឥតបីមោះហ្មង ។
-
អភិមង្គល៍
[អៈភិមង់]
មើលក្នុងពាក្យ អភិមង្គល ។
-
អភិរដ្ឋមន្ត្រី
( ន.នាមសព្ទ )
[អៈភិរ័ត-ឋៈ--]
or អភិរាស្ត្រមន្ត្រី (អៈភិ-រាស--)
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អភិ + រដ្ឋ + មន្តី; អភិ + រាឞ្រ្ត + មន្រ្តិន៑) ពាក្យសន្មតប្រើតាមសម័យនិយម សំដៅសេចក្ដីថា “មហាមាត្រឬមន្រ្តីថ្នាក់ខ្ពស់បំផុត” (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អភិ, រដ្ឋ, រាស្រ្ត និង មន្រ្តី ផង) ។
-
អភិរម
( កិ.កិរិយាសព្ទ )
[អៈភិរំ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
រីករាយឬត្រេកអរក្រៃពេក; ពេញចិត្ត; នៅអាស្រ័យឬសម្នាក់អាស្រ័យដោយសប្បាយ (ប្រើជា អភិរម្យ ក៏បាន, អ. ថ. --រំ) ។
-
អភិរម
( ន.នាមសព្ទ )
[អៈភិរំ ]
or អភិរំ
ឆត្ររួតមានរំភាយដូចក្លស់ សម្រាប់ប្រើជាគ្រឿងរុងរឿងក្នុងក្បួនហែក្នុងព្រះរាជពិធីណាមួយ (ច្រើនសរសេរ អភិរំ ជាង) ។