Khmer Dictionary: ធ
Chuon Nath's Khmer-Khmer Dictionary
-
ធ្មេញ
( ន.នាមសព្ទ )
អាការៈក្នុងមាត់ សម្រាប់ខាំទំពា ។
-
ធ្មេញកណ្ដុរ
( ន.នាមសព្ទ )
ឈ្មោះគ្រឿងវណ្ណយុត្តិមួយប្រភេទ ( ៉) សម្រាប់សម្លាប់ខ្យល់អក្សរ ៩ តួគឺ ង, ញ, ន, ប, ម, យ, រ, ល, វ, បំបែរសូរឲ្យខុសពីសំឡេងប្រក្រតី គឺ ង៉, ញ៉, ន៉, ប៉, ម៉, យ៉, រ៉, ល៉, វ៉; ប៉ុន្តែបើមានស្រៈ ឬនិគ្គហិតនៅពីលើត្រូវយកធ្មេញកណ្ដុរមកដាក់ខាងក្រោមវិញ ដូចយ៉ាង ង៉ិកង៉ក់, ញ៉ាំញ៉ើ, ប៉ិនប៉ៅ ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មូសិកទន្ត ផង) ។
-
ធ្មេញកណ្ដូប
( ន.នាមសព្ទ )
ឈ្មោះគ្រឿងតម្បាញមួយប្រភេទសម្រាប់ចាក់បញ្ចូលសរសៃអន្ទងក្នុងធ្មេញឈើ ។
-
ធ្មេញក្របី
( ន.នាមសព្ទ )
ឈ្មោះក្បាច់រចនាបែបមួយ មានរាងសណ្ឋានស្រដៀងនឹងធ្មេញក្របី ។
-
ធ្មេញចាស់
( ន.នាមសព្ទ )
ដង្កាប់ឈើមានច្បោសសម្រាប់ចាប់ក្ដាប់ល្អី, កញ្ជើ ជាដើម ។
-
ធ្មេញឈើ
( ន.នាមសព្ទ )
ប្រទាសធ្វើដោយបន្ទោះល្អិតជាគ្រឿងតម្បាញ សម្រាប់បញ្ចូលសរសៃអន្ទង, សម្រាប់កាសបញ្ជូនចាក់ត្បាញ ។
-
ធ្មេញត្រី
( ន.នាមសព្ទ )
ឈ្មោះឈើតូចមួយប្រភេទច្រើនដុះនៅទំនាបមាត់បឹង, មាត់ត្រពាំងជាដើម : ដើមធ្មេញត្រី ។
-
ធ្មេញសេះ
( ន.នាមសព្ទ )
ឈ្មោះថ្មមួយប្រភេទ មានសាច់រឹងស្រួយ : ថ្មធ្មេញសេះ ។
-
ធ្មៃ
( ន.នាមសព្ទ )
ឈ្មោះតិណជាតិពួកក្រចៅ សំបកប្រើធ្វើខ្សែជាប់បានយូរ : ខ្សែធ្មៃប្រើជាប់បានយូរ ។
-
ធ្មោង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ធ្ងោង, ទោងមោង ។
<< Prev 1 ... 10 11 12 13 14 15 16 Next >>